Friday, June 29, 2018

ការឈឺចាប់ក្រោយវះកាត់


ការឈឺចាប់ក្រោយវះកាត់ គឺជាអារម្មណ៍ភ័យខ្លាច និងជាក្តីកង្វល់ចម្បងមួយក្នុងចំណោមកង្វល់នានា នៃអ្នកជំងឺត្រៀមវះកាត់។ តាមការសិក្សាផ្នែកសរីរវិទ្យា នៃការឈឺចាប់ក្នុងវិស័យវេជ្ជសាស្ត្រនាពេលបច្ចុប្បន្ន បានបង្ហាញយ៉ាងច្បាស់អំពីបែបផែននៃការបង្កការឈឺចាប់ និងវិធីសាស្ត្រដើម្បីទប់ស្កាត់ និងគ្រប់គ្រងការឈឺចាប់ទៅតាមទីតាំង និងលំដាប់ថ្នាក់របស់ប្រព័ន្ធបញ្ជូនព័ត៌មាននៃការឈឺចាប់ក្នុងរាងកាយ។ ការឈឺចាប់ក្រោយការវះកាត់ គឺជាការឈឺចាប់ខ្លាំង និងស្រួចស្រាវ ដែលជាធម្មតាវានឹងថយចុះបន្តិចម្តងៗក្នុងរយៈពេល ២ ទៅ ៤ថ្ងៃ ទោះបីជាគេមិនផ្តល់ឱសថដើម្បីគ្រប់គ្រងក៏ដោយ។ ក៏ប៉ុន្តែប្រសិនបើការឈឺចាប់នេះមិនបានទទួលការព្យាបាល ឬព្យាបាលមិនពេញលេញ និងត្រឹមត្រូវ វានឹងបង្កផលវិបាកធ្ងន់ធ្ងរដល់អ្នកជំងឺ ពិសេសមនុស្សចាស់ ហើយការឈឺចាប់នេះបានធ្វើឲ្យអ្នកជំងឺពិបាកទ្រាំ បង្កការរាងចាល ឈានទៅរកភាពរ៉ាំរ៉ៃ និងអាចបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរ។

១) វត្ថុបំណងនៃការគ្រប់គ្រងការឈឺចាប់៖
- លើកកំពស់ផាសុខភាពអ្នកជំងឺ
- បង្កលក្ខ័ណ្ឌងាយស្រួលក្នុងការប្រែប្រួលការងើបក្រោក និងការព្យាបាលដោយចលនា
- បញ្ចៀសវិប្បត្តិធ្ងន់ធ្ងរលើបេះដូង និងសួត ជាពិសេសលើមនុស្សចាស់
- កាត់បន្ថយរយៈពេលស្នាក់នៅក្នុងមន្ទីរពេទ្យ។
២) វិធីផ្តល់ឱសថ៖
ការឈឺចាប់ក្រោយវះកាត់ ជាប្រភេទការឈឺចាប់ស្រួចស្រាវ និងខ្លាំងក្លា ដូច្នេះជម្រើសនៃការប្រើឱសថដែលមានប្រសិទ្ធិភាពជាងគេ គឺការប្រើឱសថច្រើនមុខបញ្ចូលគ្នា (Analgésie multinodale) ទៅតាមកម្រិតនៃការឈឺចាប់ និងទំហំនៃការវះកាត់។
ការអនុវត្តន៏វិធីគ្រប់គ្រងការឈឺចាប់ត្រូវបានរៀបចំឡើងតាមលំដាប់ថ្នាក់នៃឱសថ ដែលកំណត់ដោយអង្គការសុខភាពពិភពលោកគឺ៖
- ករណីការវះកាត់តូច និងឈឺចាប់តិចតួច ប្រើឱសថលំដាប់ថ្នាក់ទី១ គឺ Paracétamol និងថ្នាំបំបាត់រលាក (Anti-Inflammatoire Non Stéroidiens, AINS)។
- ករណីវះកាត់មធ្យម និងកម្រិតឈឺចាប់ល្មម គឺប្រើឱសថលំដាប់ថ្នាក់ទី១ រួមបញ្ចូលនិងឱសថលំដាប់ថ្នាកទី ២ គឺពួក Morphines ខ្សោយ។
- ករណីវះកាត់ធំ និងការឈឺចាប់ខ្លាំងក្លា ត្រូវប្រើឱសថលំដាប់ថ្នាក់ទី១ រួមបញ្ចូលលំដាប់ថ្នាក់ទី៣ គឺពួក Morphines ខ្លាំង។

ក្រៅពីនេះយើងមានប្រភេទថ្នាំស្ពឹកប្រើបន្ថែមដើម្បីលើកកំពស់គុណភាព នៃការគ្រប់គ្រងការឈឺចាប់ អោយកាន់តែប្រសើរឡើង។ ក្នុងនោះយើងមានបច្ចេកទេសច្រើនយ៉ាងដែលអាចប្រើប្រាស់បានដូចជា៖
- ការធ្វើអេពីដូរាល់ Épidural
- ការចាក់ស្ពឹកជុំវិញសរសៃវិញាណ (Bloc loco-régional)
- ការចាក់ស្ពឹកលើរបួសវះកាត់ (Infiltration péri-cicatrice)
បច្ចុប្បន្ននៅមន្ទីរពេទ្យកាល់ម៉ែត កម្មវិធីគ្រប់គ្រងការឈឺចាប់ក្រោយការវះកាត់ត្រូវបានអនុវត្តលើគ្រប់អ្នកជំងឺ និងគ្រប់ផ្នែកព្យាបាលក្នុងមន្ទីរពេទ្យ។ លទ្ធផលទទួលបានគឺការថយចុះការឈឺចាប់លើអ្នកជំងឺវះកាត់គ្រប់កម្រិត និងករណីធំៗ និងអាចគ្រប់គ្រងបានស្ទើរទាំងស្រុង លើអ្នកវះកាត់មធ្យម និងវះកាត់តូចដែលជាហេតុជួយកាត់បន្ថយផលវិបាកធ្ងន់ធ្ងរដល់អ្នកជំងឺមួយចំនួន និងធ្វើអោយអ្នកជំងឺមានអារម្មណ៍ធូរស្រាល ហើយពួកគាត់អាចឆាប់បានចេញពីមន្ទីរពេទ្យ។

No comments:

Post a Comment