Showing posts with label Healthy. Show all posts
Showing posts with label Healthy. Show all posts

Sunday, July 22, 2018

កង្វះអុកសីុសែនរបស់កូន អំឡុងពេលឈឺពោះសម្រាល​ ( Asphyxie fœtale au cours du travail )


១​- អ្វីទៅជា កាត កង្វះអុកសីុសែនរបស់កូន អំឡុងពេលឈឺពោះសម្រាល​ ( Asphyxie fœtale au cours du travail ) ?
  • Asphyxie fœtale au cours du travail ​រឺ L'asphyxie per-partum ជាការធ្លាក់ចុះខ្សោយ នៃការផ្លាស់ប្ដូរខ្យល់រវាងម្ដាយនឹងកូនក្នុងផ្ទៃ នៅអំឡុងពេលឈឺពោះសម្រាល ។​
  • ពាក្យ « souffrance fœtale » ជាពាក្យដែលគេប្រើជំនួសពាក្យ L'asphyxie ដែលជាញឹកញាប់គេប្រើក្នុងន័យបង្ហាញរោគសញ្ញារបស់ Asphyxie fœtale ប៉ុន្តែវាមិនមែនជាពាក្យត្រឹមត្រូវច្បាស់លាស់នោះទេ វាជាពាក្យដែលគេប្រើដោយការភ័ន្តច្រឡំជាទូទៅ ជាពីសេសគេប្រើពាក្យនេះ នៅពេលពន្យល់ទៅកាន់ ឪពុកម្ដាយ ។

២-កត្តាដែលយើងគិតដល់ Asphyxie fœtale
  • RCF ចង្វាក់បេះដូងកូនមិនធម្មតា ( ច្រើនជាង ១៦០ ក្នុង ១ នាទី ​រឺ តិចជាង ១១០ ក្នុង ១ នាទី​ )​
  • Acidose métabolique​  ពិនិត្យឈាមនៅសរសៃឈាម artère របស់ទងសុក ( artère du cordon ) 
  • Score d'Apgar តិចជាង ៧ នៅ ៥ នាទីតំបូងនៃជីវិត
  • នឹងកត្តារួមផ្សំផ្សេងៗទៀត

៣-មូលហេតុដែលធ្វើអោយធ្លាក់ចុះ ការ​ផ្លាស់ ប្ដូរខ្យល់រវាងម្ដាយនឹងកូនក្នុងផ្ទៃ ដែលជួបញឹកញាប់ 
  • ស្បូនកន្ត្រាក់ ខ្លាំងលើសធម្មតា 
  • ការសង្កត់លើទងសុក ( ទងសុករំកកូន .... ) 
  • ការសង្កត់លើសសៃឈាម aortique រឺ  Veine Cave
  • សម្ពាធឈាមរបស់ម្ដាយចុះទាប
  • របើកសុក​(  hématome rétroplacentaire ) 
  • សុកខ្សោយដោយមានជំងឺផ្សេងៗ ( pathologie vasculaire placentaire , ....... ) 
  • នឹងេជំងឺ រួមផ្សំផ្សេងៗទៀត

៤-ការធ្វើរោគវិនិច្ឆ័យ នឹង តាមដានកូនក្នុងផ្ទៃអំឡុងពេលឈឺពោះសម្រាល

វាមានភាពពិបាកពិព្រោះកូនស្ថិតផ្ទៃពោះម្ដាយ តែគេអាចធ្វើបានតាមចំណុចខាងក្រោម  : 
  • ចង្វាក់បេះដូងកូន តិចជាង ១១០ ក្នុង ១ នាទី រឺ លើស ១៦០ ក្នុង ១ នាទី វាជាសញ្ញាសំខាន់ក្នុងការអនុវត្តន៏ជាក់ស្តែង ដែល ត្រូវគិតដល់ Asphyxie fœtale
  • ទឺកភ្លោះមិនល្អ ( Liquide méconial , ..... ) 
  • pH au scalp ការពិនិត្យឈាមកូនពិនិត្យមើល pH របស់កូនដែលជាអាចកំណត់បានច្បាស់លាស់ ថាកូន  Asphyxie fœtale រឺ អត់ ? 
  • Lactates au scalp​ ការតេសឈាមមើល Lactates របស់កូន ( ជាក់ស្ដែងគេមិនសូវអនុវត្តន៏ ) 
  • នឹងរបៀបពិនិត្យផ្សេងខ្លះទៀត

៥- ការព្យាបាលនឹងគ្រប់គ្រងក្នុងករណីសង្ស័យថាមាន Asphyxie fœtale
  • ដាក់ អុកសីុសែនអោយម្ដាយ
  • អោយស្ត្រីដេកផ្អៀងខាងឆ្វេង
  • បញ្ឈប់ Ocytocine ក្នុងករណីស្បូនកន្ត្រាក់ខ្លាំងលើសធម្មតា រឺ ប្រើថ្នាំបន្ថយការកន្ត្រាក់របស់ស្បូន
  • ក្នុងករណីសម្ពាធឈាមម្ដាយចុះ : ដាក់សេរ៉ូម Solutés cristalloïdes  រឺ ប្រើថ្នាំបង្កើនសម្ពាធឈាមម្ដាយ
  • វះកាត់បន្ទាន់ក្នុងករណីខ្លះ ( រហែកស្បូន របើកសុក ..... ) 
  • ការវះកាត់ រឺ ជំរុញការសម្រាលអោយបានលឿនដោយវិធីផ្សេងៗ ត្រូវបានអនុវត្តន៏ទៅតាមករណិជាក់ស្ដែងនិមួយៗ ដោយការសម្រេចចិត្តរបស់គ្រូពេទ្យ អាស្រ័យលើកត្តាជាច្រើនរបស់ម្ដាយនឹងកូនក្នុងផ្ទៃ ។

៦-ការពិនិត្យ នឹងតាមដានក្រោយសម្រាល
  • Score d'Apgar តិចជាង ៧ 
  • ពិនិត្យឈាម ទងសុក ដើម្បីរកមើល pH et des gaz du sang
  • Échographie transfontanellaire​ et MRI ដើម្បីស្វែងរកជំងឺក្នុងខួរក្បាលដោយ Asphyxie fœtale
Neonatal Resuscitation. Meconium Aspiration


 réanimation du nouveau-né



ការព្យាបាលត្រឹមត្រូវ នឹង ទាន់ពេលវេលា អាចចៀសវាងបាន ការប៉ះពាល់ខួរក្បាលទារក បើប៉ះពាល់ខួរក្បាលទារក យើងពិបាកក្នុងព្យាបាល ហើយទារកភាគច្រើន ស្លាប់ នឹង មានផលវិបាកទៅថ្ងៃក្រោយ  (  séquelles neurologiques ) ។





Friday, July 20, 2018

កំពូលសប្បុរសធម៌ស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ




លោក កេនរុ អីុហ្សឹ MR KENRO IZU
លោកគឺជាអ្នកកាន់ម៉ាសុីនថតប្រកបដោយបេះដូងមនុស្សធម៌ដែលកម្ររកបានក្នុងលោកនេះ។
គាត់ជាជាងថតរូបជនជាតិអាមេរិកដើមកំណើតជប៉ុនដែលជក់ចិត្តដិតអារម្មណ៏ជាមួយប្រាសាទអង្គរដ៏ល្អឯករបស់ប្រទេសកម្ពុជាយើង
ក្នងកំឡុងពេលថតរូបនៅឆ្នាំ១៩៩៣។
ពេលនោះគាត់មានការងឿងឆ្ងល់ហេតុអ្វីសំបូរក្មេងៗសុំទាននៅមុខអង្គរភាគច្រើនមានជំងឺរូបរាងកាយស្គមស្គាំងនិងខ្លះដាច់ដៃដាច់ជើងខ្វាក់ភ្នែកជាដើម។
គាត់មានការសោកសង្រែងក្នុងចិត្តយ៉ាងខ្លាំងនិងចង់ដឹងការពិតដោយទៅលួចតាមដានក្មេងៗដែលឈឺនៅក្នុងមន្ទីរពេទ្យមួយ។
ពេលនោះគាត់មានការអាក់អន់ចិត្តនិងកន្លែងព្យាបាលមិនប្រកបដោយអនាម័យនិងយកចិត្តទុកដាក់លើអ្នកជំងឺ។

ខណះនោះមានក្មេងស្រីម្នាក់អាយុប្រហែលកូនស្រីគាត់គឺ៥ឆ្នាំកំពុងតែដេកឈឺនៅលើគ្រែរនាបមួយដោយមានការថែទាំពីឪពុករបស់នាង។
យូរៗម្តងមានពេទ្យមកមើលអោយថ្នាំ២-៣គ្រាប់លេប។គាត់បានត្រលប់មកមើលក្មេងស្រីនោះ។
នៅថ្ងៃទី២ទៀតឃើញថាជំងឺនាងមិនគ្រាន់បើសោះនិងកាន់តែធ្ងន់ទៅៗហើយមិនឃើញមានការយកចិត្តទុកដាក់ប៉ុន្មានឡើយពីក្រុមគ្រូពេទ្យ។
គាត់គិតក្នុងចិត្តមិនដឹងធ្វើយ៉ាងណាដើម្បីឲ្យក្មេងនោះជាសះស្បើយឡើយ។
ស្អែកថ្ងៃទី៣គាត់មកមើលម្តងទៀតពេលនោះគាត់រន្ធត់ក្នុងចិត្តយ៉ាងខ្លាំងព្រោះក្មេងស្រីដ៏កំសត់នោះបានស្លាប់បាត់ទៅហើយនៅចំពោះមុខការយំសោកពីឪពុករបស់នាង។



Kenroក៏ហូរទឹកភ្នែកដោយមិនដឹងខ្លួនហើយបញ្ចេញជាសម្លេងយំ យ៉ាងខ្លាំងដោយមិនដឹងខ្លួនតើនេះបណ្តាលមកពីអ្វីព្រហ្មលិខិតឬ?
រូបភាពនៃការចង់រស់របស់ក្មេងស្រីដែលមានអាយុដំណាលកូនស្រី គាត់បានដិតដាមនៅក្នុងអារម្មណ៏របស់គាត់តាំងពីថ្ងៃដំបូងដែលធ្វើអោយគាត់តាំងចិត្តត្រូវធ្វើអោយបាននូវសេចក្តីបំណងចុងក្រោយរបស់ក្មេងស្រីអាយុ៥ឆ្នាំ។


គាត់បានត្រលប់ទៅអាមេរិកវិញហើយបំផុសបំផុលរកអ្នកស្ម័គ្រចិត្តនិងថវិការមកស្ថាបនាកសាងមន្ទិីរពេទ្យមនុស្សធម៏មួយលើទឹកដីអង្គរនៅឆ្នាំ១៩៩៩។ ការរីកចំរើនពីតុមួយសំរាប់ពិនិត្យជំងឺ រហូតដល់គ្រែ មួយសំរាប់សំរាកព្យាបាលរហូតដល់មន្ទីរពេទ្យទាំងមូលដោយមិនមានការបង់ប្រាក់។




មន្ទីរពេទ្យកុមារអង្គរ ហៅកាត់ថា AHC ដែលមានទីតាំងស្ថិតនៅលើទឹកដីខេត្តសៀមរាប ជារៀងរាល់ ក្រោមជំនួយរបស់អង្គការក្រៅរដ្ឋាភិបាល និងព្យាបាលកុមារកម្ពុជាដោយមិនគិតប្រាក់ ។ ជាទូទៅក្នុង១ថ្ងៃៗ កុមារយ៉ាងតិចពី៥០០ទៅ៦០០នាក់ដែលបានត្រូវចូលសំរាកព្យាបាលដោយមិនគិតថ្លៃ។




នៅលើទឹកដីអង្គរខេត្តសៀមរាបមានមន្ទីរកុមារចំនួនពីរ៖
មន្ទីរពេទ្យកុមារអង្គរគ្រប់គ្រងនិងផ្តល់ជំនួយពីរដ្ឋាភិបាលជប៉ុននិង សហរដ្ឋអាមេរិក អង្គការក្រៅរដ្ឋាភិបាល។
រីឯមន្ទីរពេទ្យគន្ធបុប្ផាជ័យវរ្ម័នទី៧គ្រប់គ្រងនិងផ្ដល់ជំនួយដោយរដ្ឋាភិបាលស្វីសមន្ទីរពេទ្យទាំងពីរនេះក្នុងមួយឆ្នាំៗទទួលការថែទាំងនិងព្យាបាលកុមារកម្ពុជារាប់ម៉ឺនលាននាក់ ៕
Kenro ជាស្ថាបនិកអង្គការមិត្តគ្មានព្រំដែន Friends Without A Borderដែលទទួលបានរង្វាន់នៅលើឆាកអន្តរជាតិជាបន្តបន្ទាប់ ខាងមនុស្សធម៌និងឆ្លងដែនទៅបង្កើតនៅប្រទេសឡាវមួយទៀត(ខែ វិច្ឆិការ២០១៤)។



គាត់តែងតែចង់ទាញពេលវេលាឱ្យត្រលប់ក្រោយដើម្បីសម្រេចក្តីស្រមៃចុងក្រោយរបស់ក្មេងស្រីដ៏កំសត់ម្នាក់នោះ។
#យើងខ្ញុំសូមសម្ដែងនូវការគោរពដឹងនូវឧបការគុណ ដ៏ជ្រាលជ្រៅបំផុតស្មោះអស់ពីដួងចិត្តចំពោះទឹកសមានចិត្តនិងបេះដូងស្រឡាញ់កូនចៅខ្មែរនិងចងចំាជាគំរូទុកក្នុងក្រអៅបេះដូងជានិច្ចចំពោះការលះបង់ពេលវេលាកម្លំាងកាយចិត្តរបស់លោកដែលមានចំពោះប្រជាជនខ្មែរ។



The Angkor Hospital for Children was established in 1999 by Kenro Izu with the idea that every child has the right to a healthy and loving life.
#កំពូលវីរស្ថាបនិកមនុស្សធម៌នៃមន្ទីរពេទ្យកុមារអង្គរ
លោក កេនរុ អីុហ្សឹ MR KENRO IZU ជាវីរបុរសក្នុងបេះដូងខ្ញុំ !

Thursday, July 5, 2018

Vitiligo រឺ ឃ្លង់ល្ពៅ

Vitiligo រឺ ឃ្លង់ល្ពៅ


ក. តើ Vitiligo ជាអ្វី?
Vitiligo ជាជំងឺស្បែក ដែលស្តែងដោយស្នាមអុចស និងស្នាមសពពាលនៅលើស្បែក ទាំងនេះគឺបណ្តាលមកពីការបាត់បង់នូវសារធាតុពណ៌, Melanin, ដែលផ្តល់ជាតិពណ៌ដល់ស្បែក។ ការបាត់បង់នូវជាតិពណ៌ កើតមានឡើងនៅពេលដែលកោសិកាបំពាក់ពណ៌ (Melanocytes) ត្រូវបានបំផ្លាញហើយ Melanin មិនអាចត្រូវបានបង្កើតឡើង។ Vitiligo មិនមែនជាជំងឺឆ្លងទេ។
ទីតាំងដែល Vitiligo តែងតែប៉ះពាល់មាន៖
• Bony Surfaces: ខ្នងដៃ និងម្រាមដៃ, កែងដៃ និងជង្គង់
• Around Body Orifices: ជុំវិញភ្នែក, មាត់ និងច្រមុះ
• Body folds: ក្លៀក និងក្រលៀន
• កន្លែងផ្សេងទៀតនៃដងខ្លួន: ជើង, កដៃ, ចុងដោះ និងប្រដាប់ភេទ
Vitiligo ក៏អាចកើតមាននៅតំបន់ដែលធ្លាប់មានរបួស ដូចជា របួសដោយដាច់ រឺរលាករោម និងសក់លើតំបន់នេះ ក៏អាចឡើងសផងដែរ។


ខ. តើអ្វីជាមូលហេតុបណ្តាលឲ្យមាន Vitiligo?
មូលហេតុនៃ Vitiligo នៅតែមិនទាន់មានការបកស្រាយនៅឡើយ។ ប៉ុន្តែបុគ្គលដែលមាន Vitiligo តែងតែមានអត្រាខ្ពស់ ទៅនឹងទំនាក់ទំនងរវាង៖ ជំងឺទឹកនោមផ្អែម, ជំងឺក្រពេញទីរ៉ូអ៊ីត និងជំងឺប្រព័ន្ធភាពស៊ាំមួយចំនួនទៀត។

គ. តើ Vitiligo អាចព្យាបាលជារឺទេ?
បាន។ មានការព្យាបាលច្រើនទំរង់ ប៉ុន្តែការឆ្លើយតបទៅនឹងការព្យាបាលគឺវាអាស្រ័យទៅតាមបុគ្គលម្នាក់ៗ និងទីតាំងដែលវាកើត។

ឃ. តើអាចព្យាបាល Vitiligo បានដោយរបៀបណា?
១. Corticosteroid Creams
ក្រែម Potent Corticosteroid គឺមានប្រសិទ្ធភាពចំពោះអ្នកជំងឺមួយចំនួន។ ការតាមដានឲ្យបានទៀងទាត់ដោយគ្រូពេទ្យគឺអាចការពារផលប៉ះពាល់នៃថ្នាំបាន។

២. Psoralen Photochemotherapy (PUVA)
PUVA គឺជាការព្យាបាលរួមគ្នានៃការប្រើប្រាស់ថ្នាំ PSORALEN (P) និង ការហាលស្បែកទៅនឹងកាំរស្មី Ultraviolet A (UVA)។ Psoralen ធ្វើឲ្យស្បែកឆាប់ប្រែប្រួលនៅពេលដែលត្រូវនឹង UVA ដែលជាកាំរស្មីធម្មជាតិនៃពន្លឺព្រះអាទិត្យ Psoralen អាចប្រើប្រាស់ក្នុងទំរង់ទឹក (សំរាប់លាប) រឺជាគ្រាប់ (សំរាប់លេប)។ នៅពេលមានការប្រើប្រាស់ជាទំរង់លាបជាមួយការហាលនឹងកាំរស្មី UVA គេហៅថា Topical PUVA។ បើប្រើទំរង់គ្រាប់ គេហៅថា Oral PUVA។ ជាទូទៅ Topical PUVA ត្រូវបានប្រើសំរាប់ព្យាបាល Vitiligo ដែលប៉ះពាល់ទំហំស្បែកតិចតួច រឺមានកំរិត។ អ្នកជំងឺដែលទទួលការព្យាបាលដោយ PUVA ត្រូវចាំបាច់ត្រៀមខ្លួនទទួលយកការព្យាបាលរហូតដល់១ឆ្នាំ ឬ យូរជាងនេះ រហូតដល់ទទួលបានលទ្ធផលល្អជាអតិបរមា។ ការតាមដាន និងត្រួតពិនិត្យសុខភាពអោយបានដិតដល់គឺជាការចាំបាច់។ ការប្រើប្រាស់ Psoralen ទំរង់ទឹក (Psoralen lotion) បន្តដោយហាលស្បែកដែលមានបញ្ហានោះ ទៅនឹងពន្លឺព្រះអាទិត្យអាចបណ្តាលឲ្យមានគ្រោះថ្នាក់ និងមិនគួរឲ្យទុកចិត្តបាន ដោយសារកំរិត UVA ដែលមាននៅក្នុងពន្លឺព្រះអាទិត្យប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ។ ការប្រើប្រាស់ប្រភពសិប្បនិម្មិតនៃ UVA ក្រោមការត្រួតពិនិត្យដ៏ត្រឹមត្រូវត្រូវបានណែនាំ។

៣. Camouflage Cosmetic
គ្រឿងសំអាងមួយចំនួន អាចជួយផ្តល់នូវពណ៌ល្អសមស្របទៅតាមពណ៌សំបុរស្បែក និងបិទបាំងនូវស្នាមពពាលសដែលមានលើមុខ និងខ្នងដៃបានយ៉ាងប្រសើរ។

៤. Sunscreens
តំបន់ស្បែកដែលកើតជំងឺនោះ ងាយនឹងរលាកដោយសារពន្លឺព្រះអាទិត្យណាស់ ដោយសារគ្មានការការពារពីកោសិកាបំពាក់ពណ៌ស្បែក។ អ្នកជំងឺគួរតែប្រើប្រាស់នូវ Broad spectrum high protection factor sunscreens នៅលើតំបន់ស្បែកដែលកើតជំងឺ នៅពេលត្រូវពន្លឺថ្ងៃ។

Friday, June 29, 2018

សម្រាប់អ្នកជំងឺទឹកនោមផ្អែម អ្វីទៅជាHbA1C?


HbA1C ជាមធ្យមភាគជាតិស្កររយៈពេល៣ខែចុងក្រោយរបស់មនុស្សយើង។ និយាយឲ្យស្រួលស្ដាប់គឺជាមធ្យមភាគជាតិស្ករដែលខាំជាប់និងអេម៉ូក្លូប៊ីន ដែលជាផ្នែកមួយដ៏សំខាន់នៃគ្រាប់ឈាមក្រហមរបស់យើង។ កាលណាយើងធ្វើតេស្តHbA1C នេះយើងនឹងអាចដឹងពីមធ្យមភាគជាតិស្កររយៈពេល៣ខែចុងក្រោយ។ ដោយសារគ្រាប់ឈាមក្រហមយើងមានអាយុ១២០ថ្ងៃ គឺប្រហាក់ប្រហែល៣ខែ។ ហេតុនេះហើយការវាយតម្លៃកម្រិតជាតិស្ករដែលទៅខាំជាប់ទៅលើអេម៉ូក្លូប៊ីននោះអាចវាយតម្លៃជាតិស្កររបស់យើងក្នុងរយៈពេល៣ខែចុងក្រោយ។

HbA1Cមានតួនាទីសំខាន់ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែម។ កាលណាHbA1Cធំជាង6.5% គឺអ្នកជំងឺមានកើតជំងឺទឹកនោមផ្អែមហើយ។
លើសពីនេះទៅទៀត HbA1Cមានតួនាទីយ៉ាងសំខាន់ក្នុងការតាមដានប្រសិទ្ធិភាពព្យាបាលជំងឺទឹកនោមផ្អែម។កាលណា HbA1Cកើនឡើងខ្ពស់អ្នកជំងឺនឹងប្រឈមមុខនឹងផលវិបាកផ្សេងៗដូចជាផលវិបាកលើភ្នែក លើតំរងនោម លើប្រពន័្ធសសៃវិញ្ញាណឬលើសសៃឈាមបេះដូងជាដើម។ ហេតុនេះហើយសម្រាប់បងប្អូនប្រជាជនដែលមានជំងឺទឹកនោមផ្អែមចាំបាច់ត្រូវស្គាល់អ្វីដែលជា HbA1C។

តើ HbA1Cត្រូវពិនិត្យនៅពេលណា? ហើយបូមឈាមដាក់ទីបអ្វី?
ដោយសារHbA1Cជាមធ្យមភាគជាតិស្កររយៈពេល៣ខែចុងក្រោយដូច្នោះហើយHbA1Cអាចធ្វើតេស្ដពេលណាក៏បាន មុនបាយក៏បាន ក្រោយបាយក៏បានហើយបូមដាក់ទីប Hémogram។
នៅក្នុងការតាមដានប្រសិទ្ធភាពនៃការព្យាបាលជំងឺទឹកនោមផ្អែមអ្នកជំងឺគួរគប្បីពិនិត្យ HbA1Cយ៉ាងហោចណាស់ឲ្យបាន១ឬ២ដងក្នុងមួយឆ្នាំហើយរិតតែពិសេសពិនិត្យHbA1Cរាល់៣ខែម្ដង។

កត្តាអ្វីខ្លះដែលអាចធ្វើឲ្យបំរែបំរួលឬប៉ះពាល់សុក្រិតភាពHbA1C?
កត្តាខ្លះអាចធ្វើឲ្យតម្លៃHbA1Cទាបជាងកម្រិតពិតប្រាកដដូចជា៖ ជំងឺខ្វះគ្រាប់ឈាមក្រហម ជំងឺThalasemie អ្នកដែលបាត់បង់ឈាម អ្នកជំងឺដែលទើបតែទទួលការបញ្ចូលឈាម និង ស្រ្តីមានផ្ទៃពោះ។
កត្តាមួយចំនួនទៀតដែលអាចធ្វើឲ្យHbA1Cខ្ពស់ជាងតំលៃពិត ដូចជា៖ អ្នកជក់បារី អ្នកដែលខ្សោះជាតិទឹកខ្លាំង អ្នកជំងឺដែលមានបញ្ហាសួតហេីយគ្រាប់ឈាមក្រហមកើនឡើង និង កង្វះអុកស៊ីហ្សែនរ៉ាំរៃ។
«ក្រុមគ្រូពេទ្យជំនាញឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត សូមស្វាគមន៍រាល់ការមកពិគ្រោះយោបល់ អំពីរាល់ស្ថានភាពជំងឺទឹកនោមផ្អែមប្រកបដោយបទពិសោធន៍ និងការយកចិត្តទុកដាក់ខ្ពស់បំផុត។

ការគេងស្រមុក អាចបណ្តាលមកពីការដុះសាច់បំពង់ក!

ការគេងស្រមុក

ការអាក់ដង្ហើម និងការស្រមុកដែលបង្កពីការដុះសាច់បំពង់ក នឹងបណ្តាលឲ្យមានបញ្ហាបេះដូង និងទឹកនោមផ្អែមទៅថ្ងៃក្រោយ។

ក) អ្វីដែលហៅថាដុះសាច់បំពង់ក (Hypertrophy of Tonsils)? 
ប្រជាជនកម្ពុជាយើងស្គាល់ច្បាស់នូវពាក្យនេះ ដែលពាក្យបច្ចេកទេសពេទ្យហៅថា Tonsils ហើយវាស្ថិតនៅសងខាងបំពង់ក ដែលមានសកម្មភាពខ្លាំងក្លានៅវ័យកុមារ និងថមថយបន្តិចម្តងៗនៅពេលពេញវ័យ។ សាច់បំពង់ក (Tonsils) ជាសរីរាង្គការពាររាងកាយប្រឆាំងនឹងមេរោគ (Lymphoid tissue)។

ខ) រោគសញ្ញារលាកដុះសាច់បំពង់កមានដូចជា៖
- ឈឺបំពង់ក ក្អក
- ឈឺពេលលេបអាហារ
- សាច់បំពង់កឡើងក្រហម ជួនកាលមានខ្ទុះព័ទ្ធដោយស្នាមពណ៌ស
- ឡើងកំដៅខ្លាំង
- ឈឺក្បាល
- អស់កម្លាំង
- ព្រឺក្តៅរងារ
- ពិបាកក្នុងការលេបអាហារ និងការសម្រាន
- ដកដង្ហើមមានក្លិនអាក្រក់
- ហើមកូនកណ្តុរនៅបរិវេន ក
គ) មូលហេតុបង្ករោគ៖
សាច់បំពង់ក ជាសរីរាង្គការពារ ហេតុដូច្នេះវាងាយនឹងបង្កបញ្ហា ជាមួយមេរោគៈ
- វីរុស
- បាក់តេរី
ឃ) ការធ្វើរោគវិនិច្ឆ័យ៖
ពិនិត្យសភាពទូទៅជាមុនសិន តែបើមានបញ្ហារលាកដុះសាច់បំពង់ក ទាមទារអោយគ្រូពេទ្យត្រូវធ្វើ Swab culture នៅនឹងកន្លែងរលាកដើម្បីរកប្រភេទបាក់តេរី ឬវីរុស ហើយធ្វើតេស្តឈាម និងឈានទៅធ្វើការព្យាបាលដ៏មានប្រសិទ្ធិភាពខ្ពស់។
ង) នៅពេលណាដែលត្រូវមកមន្ទីរពេទ្យ៖
រលាកដុះសាច់បំពង់កមានសភាពខ្លាំងក្លា ដែលបណ្តាលឲ្យមានការពិបាកដកដង្ហើម ដែលតំរូវឲ្យមកមន្ទីរពេទ្យ ជាបន្ទាន់។
សញ្ញាមួយចំនួនទៀតមានដូចជាៈ
- កំដៅឡើងខ្លាំងលើស ៣៩ °C
- តឹងក ខ្សោយសាច់ដុំ
- ឈឺបំពង់កអត់បាត់លើសពី ២ថ្ងៃ
ច) ការព្យាបាលរលាកដុះសាច់បំពង់ក
- ព្យាបាលនៅផ្ទះ (Home Care)
. ធ្វើលំហាត់ប្រាណដើម្បីឲ្យរាង្គកាយមាំទាំជាប្រចាំ
. ពិសារទឹកឲ្យបានច្រើន
. ជៀសឆ្ងាយពីផ្សែងបារី និងកន្លែងជក់
. អាចប្រើថ្នាំដូចជា Ibuprofen រឺ Acetaminophen
- ព្យាបាលដោយប្រើថ្នាំផ្សះ
- ព្យាបាលដោយវះកាត់ៈ ការវះកាត់ដុះសាច់បំពង់ក នឹងត្រូវបានធ្វើឡើងក្នុងករណីរលាករ៉ាំរ៉ៃ និងការលាប់សា ចុះសាឡើង នៃការរលាកបំពង់កចន្លោះពី ៧ ទៅ ៨ ដងក្នុង ១ឆ្នាំ និងករណីមួយចំនួនទៀតដូចជា៖
. ការអាក់ដង្ហើមពេលយប់
. ពិបាកដកដង្ហើម និងលេបអាហារ
. អាប់សែរ ដែលពិបាកព្យាបាល
ឆ) វិធីការពារ
- វិធីការពាររលាកដុះសាច់បំពង់កមានលក្ខណៈប្រហាក់ប្រហែលនឹងជំងឺផ្តាសាយ
- លាងសំអាតដៃជាមួយសាប៊ូជាប្រចាំ
- ហាមបរិភោគ រឺពិសារទឹករួមគ្នាជាមួយអ្នកជំងឺ
- កាត់បន្ថយការប៉ះពាល់អ្នកជំងឺដទៃទៀត ពេលយើងកំពុងមានបញ្ហារលាកដុះសាច់បំពង់ក
- សម្រាក និងពិសារទឹកឲ្យបានច្រើន
- ប្រញាប់ព្យាបាលក្នុងករណីមានបញ្ហាក្រពះ
បើសិនជាបងប្អូនមានបញ្ហាដូចបានរៀបរាប់ខាងលើ សូមអញ្ជើញមកពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ ជៀសវាងនូវការប្រើប្រាស់ថ្នាំផ្សះច្រើនប្រភេទ ដែលបង្កឲ្យមានភាពស៊ាំប៉ះពាល់សុខភាព និងថវិការ។

តើជំងឺពុកឆ្អឹង មានផលវិបាកអ្វីខ្លះ?


ជំងឺពុកឆ្អឹង ជាជំងឺរ៉ាំរ៉ៃបណ្តាលមកពីការថយចុះនូវកំហាប់ឆ្អឹង ដែលធ្វើអោយអ្នកជំងឺងាយរងនូវការបាក់ឆ្អឹងជាងមនុស្សទូទៅ។ ជំងឺនេះច្រើនកើតលើមនុស្សអាយុច្រើនចាប់ពី៥០ឆ្នាំឡើងទៅ និងក្រុមស្ត្រីក្រោយអស់រដូវ។ យើងក៏ជួបផងដែរ លើមនុស្សវ័យក្មេង ដោយសារកត្តាតំណរពូជ និងកត្តាផ្សេងៗ ដែលធ្វើអោយកំហាប់ឆ្អឹងថយចុះ ដូចជា៖
- កង្វះអ័រម៉ូន អ៊ឺស្ត្រូហ្សែន
- កត្តាហ្សេនេទិច
- ស្គម
- មិនសូវហាត់កីឡា
- បរិភោគអាហារដែលមានសារជាតិកាល់ស្យូមតិច
- ការជក់បារី និងពិសារស្រា
១) ហេតុអ្វីយើងគួរស្វែងយល់ពីជំងឺនេះ?
- វាបង្កអោយមានការឈឺចាប់
- វាងាយនឹងបាក់ឆ្អឹង
- វាបង្កពិការភាពយូរអង្វែង
២) រោគសញ្ញាសំខាន់ៗ៖
- បាក់ឆ្អឹង ក្រោយពីរងគ្រោះថ្នាក់ស្រាល
- ឈឺឆ្អឹងកងចង្កេះ (ឈឺបន្តិចម្ដងៗ ច្រើនខែ)
- បាក់ក្បាលឆ្អឹងភ្លៅ ក្រោយរអិលដួលតិចតួច រឺបាក់កដៃក្រោយច្រត់ រឺទប់ខ្លួន
- ប៉ុន្តែពាក់កណ្ដាលនៃករណី អ្នកជំងឺពុំមានរោគសញ្ញាគួរអោយចាប់អារម្មណ៍ទេ

៣) ការធ្វើរោគវិនិច្ឆ័យ៖
- ធើ្វរោគវិនិច្ឆ័យ ដោយម៉ាស៊ីនវាស់កំហាប់ឆ្អឹង
- ថតកាំរស្មីពិនិត្យឆ្អឹង
- ពិនិត្យឈាម (កម្រិតជាតិកាល់ស្យូម កម្រិតជាតិផូសស្វ័រ អ័រម៉ូនទីរ៉ូអ៊ីត ប៉ារ៉ាទីរ៉ូអ៊ីត...)
- ពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេស

៤) តើយើងអាចការពារ និងព្យាបាលជំងឺនេះបានដែរឬទេ?
- ជំងឺនេះអាចការពារ និងព្យាបាលបាន ដោយទទួលការណែនាំ និងពិសារថ្នាំ
- ការព្យាបាលទៅតាមមូលហេតុរបស់វា

៥) ការណែនាំសំរាប់អ្នកជំងឺឆ្អឹងពុក៖
- បរិភោគអាហារដែលសំបូរជាតិកាល់ស្យូម វីតាមីន D3 (កូនត្រីតូចៗ ទឹកដោះគោស្រស់ អាហារបំប៉ន...)
- ទទួលនូវកំដៅថ្ងៃបានគ្រប់គ្រាន់
- ឈប់ពិសារស្រា និងបារី
- ព្យាបាលជំងឺរួមផ្សំ ដែលបណ្តាលអោយកំហាប់ឆ្អឹងថយ
- ជៀសវាងការដួល បុក ប៉ះទង្គិច
- ជៀសវាងការប្រើថ្នាំផ្តេសផ្តាស (ស្តេរ៉ូអ៊ីត)

“បើលោកអ្នកមានបញ្ហាដូចបានរៀបរាប់ខាងលើ សូមលោកអ្នកអញ្ជើញមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវវិធីសាស្ត្រនៃការការពារ និងព្យាបាលដ៏មានប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព។”

ការឈឺចាប់ក្រោយវះកាត់


ការឈឺចាប់ក្រោយវះកាត់ គឺជាអារម្មណ៍ភ័យខ្លាច និងជាក្តីកង្វល់ចម្បងមួយក្នុងចំណោមកង្វល់នានា នៃអ្នកជំងឺត្រៀមវះកាត់។ តាមការសិក្សាផ្នែកសរីរវិទ្យា នៃការឈឺចាប់ក្នុងវិស័យវេជ្ជសាស្ត្រនាពេលបច្ចុប្បន្ន បានបង្ហាញយ៉ាងច្បាស់អំពីបែបផែននៃការបង្កការឈឺចាប់ និងវិធីសាស្ត្រដើម្បីទប់ស្កាត់ និងគ្រប់គ្រងការឈឺចាប់ទៅតាមទីតាំង និងលំដាប់ថ្នាក់របស់ប្រព័ន្ធបញ្ជូនព័ត៌មាននៃការឈឺចាប់ក្នុងរាងកាយ។ ការឈឺចាប់ក្រោយការវះកាត់ គឺជាការឈឺចាប់ខ្លាំង និងស្រួចស្រាវ ដែលជាធម្មតាវានឹងថយចុះបន្តិចម្តងៗក្នុងរយៈពេល ២ ទៅ ៤ថ្ងៃ ទោះបីជាគេមិនផ្តល់ឱសថដើម្បីគ្រប់គ្រងក៏ដោយ។ ក៏ប៉ុន្តែប្រសិនបើការឈឺចាប់នេះមិនបានទទួលការព្យាបាល ឬព្យាបាលមិនពេញលេញ និងត្រឹមត្រូវ វានឹងបង្កផលវិបាកធ្ងន់ធ្ងរដល់អ្នកជំងឺ ពិសេសមនុស្សចាស់ ហើយការឈឺចាប់នេះបានធ្វើឲ្យអ្នកជំងឺពិបាកទ្រាំ បង្កការរាងចាល ឈានទៅរកភាពរ៉ាំរ៉ៃ និងអាចបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរ។

១) វត្ថុបំណងនៃការគ្រប់គ្រងការឈឺចាប់៖
- លើកកំពស់ផាសុខភាពអ្នកជំងឺ
- បង្កលក្ខ័ណ្ឌងាយស្រួលក្នុងការប្រែប្រួលការងើបក្រោក និងការព្យាបាលដោយចលនា
- បញ្ចៀសវិប្បត្តិធ្ងន់ធ្ងរលើបេះដូង និងសួត ជាពិសេសលើមនុស្សចាស់
- កាត់បន្ថយរយៈពេលស្នាក់នៅក្នុងមន្ទីរពេទ្យ។
២) វិធីផ្តល់ឱសថ៖
ការឈឺចាប់ក្រោយវះកាត់ ជាប្រភេទការឈឺចាប់ស្រួចស្រាវ និងខ្លាំងក្លា ដូច្នេះជម្រើសនៃការប្រើឱសថដែលមានប្រសិទ្ធិភាពជាងគេ គឺការប្រើឱសថច្រើនមុខបញ្ចូលគ្នា (Analgésie multinodale) ទៅតាមកម្រិតនៃការឈឺចាប់ និងទំហំនៃការវះកាត់។
ការអនុវត្តន៏វិធីគ្រប់គ្រងការឈឺចាប់ត្រូវបានរៀបចំឡើងតាមលំដាប់ថ្នាក់នៃឱសថ ដែលកំណត់ដោយអង្គការសុខភាពពិភពលោកគឺ៖
- ករណីការវះកាត់តូច និងឈឺចាប់តិចតួច ប្រើឱសថលំដាប់ថ្នាក់ទី១ គឺ Paracétamol និងថ្នាំបំបាត់រលាក (Anti-Inflammatoire Non Stéroidiens, AINS)។
- ករណីវះកាត់មធ្យម និងកម្រិតឈឺចាប់ល្មម គឺប្រើឱសថលំដាប់ថ្នាក់ទី១ រួមបញ្ចូលនិងឱសថលំដាប់ថ្នាកទី ២ គឺពួក Morphines ខ្សោយ។
- ករណីវះកាត់ធំ និងការឈឺចាប់ខ្លាំងក្លា ត្រូវប្រើឱសថលំដាប់ថ្នាក់ទី១ រួមបញ្ចូលលំដាប់ថ្នាក់ទី៣ គឺពួក Morphines ខ្លាំង។

ក្រៅពីនេះយើងមានប្រភេទថ្នាំស្ពឹកប្រើបន្ថែមដើម្បីលើកកំពស់គុណភាព នៃការគ្រប់គ្រងការឈឺចាប់ អោយកាន់តែប្រសើរឡើង។ ក្នុងនោះយើងមានបច្ចេកទេសច្រើនយ៉ាងដែលអាចប្រើប្រាស់បានដូចជា៖
- ការធ្វើអេពីដូរាល់ Épidural
- ការចាក់ស្ពឹកជុំវិញសរសៃវិញាណ (Bloc loco-régional)
- ការចាក់ស្ពឹកលើរបួសវះកាត់ (Infiltration péri-cicatrice)
បច្ចុប្បន្ននៅមន្ទីរពេទ្យកាល់ម៉ែត កម្មវិធីគ្រប់គ្រងការឈឺចាប់ក្រោយការវះកាត់ត្រូវបានអនុវត្តលើគ្រប់អ្នកជំងឺ និងគ្រប់ផ្នែកព្យាបាលក្នុងមន្ទីរពេទ្យ។ លទ្ធផលទទួលបានគឺការថយចុះការឈឺចាប់លើអ្នកជំងឺវះកាត់គ្រប់កម្រិត និងករណីធំៗ និងអាចគ្រប់គ្រងបានស្ទើរទាំងស្រុង លើអ្នកវះកាត់មធ្យម និងវះកាត់តូចដែលជាហេតុជួយកាត់បន្ថយផលវិបាកធ្ងន់ធ្ងរដល់អ្នកជំងឺមួយចំនួន និងធ្វើអោយអ្នកជំងឺមានអារម្មណ៍ធូរស្រាល ហើយពួកគាត់អាចឆាប់បានចេញពីមន្ទីរពេទ្យ។

ជំងឺលើសសម្ពាធឈាមដែលស្ត្រីមានផ្ទៃពោះ


ក្នុងចំណោមស្រ្ដីមានផ្ទៃពោះចំនួន១០នាក់ មានម្នាក់មានជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះ ដែលអាចបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរ ឬអាចមានគ្រោះថ្នាក់ខ្ពស់ដល់ជីវិត។
១) តើជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះជាជំងឺដូចម្តេច?
ជាការពិតទៅ ជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះ មាននិយមន័យដូចទៅនឹងជំងឺលើសសម្ពាធឈាមលើស្ត្រី ដែលអត់មានផ្ទៃពោះ ដោយសម្ពាធឈាមខាងលើ (Systolic) លើសពី១៤០mmHg និងខាងក្រោម (Diastolic) លើសពី៩០mmHg ហើយលើសពីនោះ វាក៏ជាកត្តាដែលប្រឈមទៅនឹងការស្លាប់ទាំងម្ដាយទាំងកូនផងដែរ។
ជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះត្រូវបានចែកចេញជា៤ប្រភេទគឺ៖
ក) ជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ (Pre-existing or chronic hypertension) ៖ មានន័យថាអ្នកជំងឺមានការលើសសម្ពាធឈាមមុន ២០សប្ដាហ៍នៃគភ៌(ពពោះ) ក៏មានន័យថាមុនពេលមានផ្ទៃពោះស្រ្ដីជាម្ដាយមានជំងឺលើសសម្ពាធឈាមរួចទៅហើយ។ 


ខ) ជំងឺលើសសម្ពាធឈាមពេលមានផ្ទៃពោះ (Gestational hypertension)៖ ជាការលើសសម្ពាធឈាមក្រោយ២០សប្ដាហ៍នៃការពពោះ។
គ) ជំងឺបម្រុងក្រឡាភ្លើង (Preeclampsia) ៖ មានន័យថាអ្នកជំងឺមានលើសសម្ពាធឈាមរួមជាមួយនឹងជាតិប្រូតេអ៊ីននៅក្នុងទឹកនោម (proteinuria) លើសពី៣០០មីលីក្រាមក្នុង២៤ម៉ោង។ ប៉ុន្តែក្នុងការណែនាំថ្មីនៃការធ្វើរោគវិនិច្ឆ័យជំងឺបម្រុងក្រឡាភ្លើង គឺយើងអាចរួមបញ្ចូលទៅនឹងរោគសញ្ញាគ្លីនិកដទៃទៀតដូចជា៖
- ស្រវាំងភ្នែក
- ការប៉ះពាល់ទៅលើមុខងារថ្លើមសម្គាល់បានដោយឈឺនៅឆ្អឹងជំនីក្រោមខាងស្ដាំការឡើងខ្ពស់នៃអង់ស៊ីម Transaminase
- ការប៉ះពាល់ទៅលើតម្រងនោមដោយមានការកើនឡើងនៃ Creatinine
- អាចឃើញមានជំងឺហើមសួត (Pulmonary edema) ផងដែរ
ឃ) ជំងឺបម្រុងក្រឡាភ្លើង រួមនឹងជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ៖ មានន័យថា អ្នកជំងឺមានលើសសម្ពាធឈាមមុនពពោះ រួមជាមួយរោគសញ្ញា នៃជំងឺបម្រុងក្រឡាភ្លើង ក្រោយ២០សប្តាហ៍នៃការពពោះ។

២) តើមានកត្តាណាខ្លះជំរុញឲ្យកើតជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះ?
កត្តាដែលស្ត្រីមានផ្ទែពោះងាយប្រឈមមុខនឹងជំងឺលើសសម្ពាធឈាមមានដូចជា៖
- ស្រ្ដីដែលមានផ្ទៃពោះមានអាយុលើសពី៤០ឆ្នាំ ឬតិចជាង១៨ឆ្នាំ
- ស្រ្ដីធាត់ខ្លាំង
- ស្រ្ដីធ្លាប់មានជំងឺបម្រុងក្រឡាភ្លើងពីមុនមក
- ស្រ្ដីពពោះកូនភ្លោះ
- ស្រ្តីមានជំងឺលើសឈាម
- ស្រ្ដីមានវិបត្តិតម្រងនោម
- ស្រ្ដីមានជំងឺពាក់ពន្ធ័ទៅនឹងប្រព័ន្ធប្រឆាំងរាងកាយ (autoimmune disease)
- ឬស្រ្ដីមានជំងឺទឹកនោមផ្អែម
៣) តើជំងឺនេះផ្តល់ផលប៉ះពាល់ណាខ្លះទៅលើម្ដាយ និងកូន?
អ្វីដែលជាក្ដីបារម្ភទៅលើស្ត្រីដែលកើតមានជំងឺលើសឈាមកំឡុងពេលមានផ្ទៃពោះ គឺជាផលវិបាកយ៉ាងធ្ងន់ធ្ងរ ជាពិសេសចំពោះអ្នកដែលស្ថិតក្នុងក្រុមបម្រុងក្រឡាភ្លើង ឬក្រឡាភ្លើងដែលអាចប៉ះពាល់ទៅលើអាយុជីវិតទាំងម្ដាយ និងកូន។
- ការប៉ះពាល់ផ្នែកខាងម្ដាយ៖ ស្រ្ដីជាម្ដាយអាចប្រឈមទៅនឹងការដាច់សរសៃឈាមខួរក្បាល ឬកើតមានជំងឺហើមសួត (Pulmonary Edema) ដោយស្រ្ដីនោះមានរោគសញ្ញាហត់ខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត មិនតែប៉ុណ្ណោះ ក្នុងពេលតែមួយក៏អាចមាននូវការប្រកាច់ បែកគ្រាប់ឈាម ការថយចុះនៃចំនួនប្លាកែត ព្រមទាំងមានវិបត្តិថ្លើម និងតម្រង់នោមធ្ងន់ធ្ងរទៀតផង ហើយប្រសិនបើពុំមានការព្យាបាលត្រឹមត្រូវនោះទេ អ្នកជំងឺនឹងឈានទៅរកសេចក្ដីស្លាប់រហូតទៅដល់ ១០ ទៅ ១៥%។
- ការប៉ះពាល់ផ្នែកខាងកូន៖ ទារកអាចប្រឈមទៅនឹងការកើតមិនគ្រប់ខែ មានការលូតលាស់យឺតយ៉ាវជាងក្មេងធម្មតា ឬមានជំងឺវិបត្តិផ្លូវដង្ហើមស្រួចស្រាវ ឬមួយមានគ្រោះថា្នក់ដល់ជីវិតតែម្ដង។
៤) តើត្រូវព្យាបាលជំងឺនេះដូចម្តេច?
យើងអាចធ្វើការព្យាបាលទៅលើជំងឺនេះបាន ប៉ុន្តែយើងមិនអាចប្រាកដថាមិនមានគ្រោះថ្នាក់ដល់ជីវិត១០០%នោះទេ ដោយក្នុងនោះមាន១០% ទៅ ១៥% ជាករណីដែលយើងមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែជាទូទៅ ប្រសិនបើអ្នកជំងឺស្ថិតក្នុងក្រុមដែលលើសសម្ពាធឈាមពេលមានផ្ទៃពោះ ឬភាសាបច្ចេកទេសហៅថា “Gestational Hypertension” ការលើសសម្ពាធឈាមនឹងត្រឡប់ទៅរកសភាពធម្មតាវិញបន្ទាប់ពីសម្រាលកូនរួច ៣ ទៅ ៤សប្តាហ៍ ឬ៣ខែក្រោយដែលវាអាស្រ័យទៅលើមនុស្សម្នាក់ៗ។ ចំណែកឯអ្នកជំងឺដែលស្ថិតក្នុងក្រុមលើសសម្ពាធឈាមរ៉ាំរ៉ៃវិញ ការលើសសម្ពាធឈាមនឹងមិនបាត់ទៅវិញឡើយ ដែលតម្រូវឲ្យអ្នកជំងឺប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាមយូរអង្វែង។
៥) តើជំងឺនេះអាចបង្កាបានយ៉ាងដូចម្តេច?
ចំពោះវិធីបង្កាវិញ ប្រសិនបើស្រ្តីដែលធ្លាប់កើតមានជំងឺនេះម្ដងរួចទៅហើយ ដូច្នេះគាត់ត្រូវតែទៅតាមដានជាមួយគ្រូពេទ្យជំនាញឲ្យបានជាប់លាប់ បើសិនជាគាត់ចង់មានគភ៌លើកក្រោយទៀត ដើម្បីចៀសវាងគ្រោះថ្នាក់ក្នុងការកើតជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះម្ដងទៀត ហើយប្រសិនបើស្រ្តីមានផ្ទៃពោះ រួចសង្ស័យថាខ្លួនឯងមានរោគសញ្ញាដូចជា ឈឺក្បាល ស្រវាំងភ្នែក ឬចុកចុងដង្ហើម សូមប្រញាប់ប្រញាល់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីកាត់បន្ថយអត្រាការស្លាប់របស់ម្ដាយ និងទារកអំឡុងពេលមានផ្ទៃពោះ និងពេលសម្រាល។

ជំងឺឆ្កែឆ្កួតដែលបណ្តាលមកពីឆ្កែខាំ ( LA RAGE DECLAREE )

ឆ្កែខាំ

ជំងឺឆ្កែឆ្កួត ដែលបណ្តាលមកពីឆ្កែខាំ គឺជាជំងឺរលាកខួរក្បាលនិងខួរឆ្អឹងខ្នង ដែលបណ្តាលមកពីវីរុសឈ្មោះ Lyssavirus (នៅក្នុងក្រុម Rhabdoviridae) ក៏ជាជំងឺមួយធ្ងន់ធ្ងរ ហើយបណ្តាលអោយអ្នកជំងឺស្លាប់១០០% នៅពេលចេញរោគសញ្ញា។

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកនៅឆ្នាំ២០១៧ នៅលើពិភពលោកជំងឺឆ្កែឆ្កួត ដែលបណ្តាលមកពីឆ្កែខាំ ស្លាប់ប្រហែល ៥៩០០០នាក់ក្នុងមួយឆ្នាំ ជាពិសេសនៅក្នុងតំបន់អាស៊ីនិងអាហ្រ្វិក។
ក) មូលហេតុ និងការចម្លង៖
- ការចម្លងវីរុសជំងឺឆ្កែឆ្កួតពីសត្វមកមនុស្ស ដោយសារការខាំ (morsure), ខ្វាច (griffure), លិតលើដំបៅឬរបួស (léchage) ដែល៩៩%តាមរយះសត្វឆ្កែដែលមានផ្ទុកវីរុសឆ្កែឆ្កួត
- ការចម្លងវីរុសជំងឺឆ្កែឆ្កួតពីមនុស្សមកមនុស្សគឺជាករណីមួយកម្រមាន។ តែអាចឆ្លងពីម្តាយមកកូននៅ ពេលមានផ្ទៃពោះ។

ខ) រោគសញ្ញានិងការបង្ករោគ៖
១) ការបង្ករោគ (Période d’incubation)៖ ចាប់ពីពេលឆ្កែខាំរហូតដល់ពេលចេញរោគសញ្ញា មានការប្រែប្រួលពី៧ថ្ងៃរហូតដល់លើសពី១ឆ្នាំ។ តែជាមធ្យមប្រហែលពី១៥ថ្ងៃដល់៦០ថ្ងៃ។
២) រោគសញ្ញា (Symptômes)៖
- រោគសញ្ញាដំបូង (Période prodromique) មានរយៈពេលពី២ថ្ងៃទៅ១០ថ្ងៃ៖
• មានការឈឺចុកចាប់នៅកន្លែងខាំបែបរមាស់ ក្តៅ ឬស្ពឹក
• ជួនមានក្តៅខ្លួន ជួនអត់មានក្តៅខ្លួន
• អត់ឃ្លានចំណីអាហារ ចង្អោរ ក្អួត រាគ
• ឈឺក្បាល វិលមុខ តប់ប្រម៉ល់ក្នុងខ្លួន ដេកមិនលក់ យល់សប្តិ វង្វេងៗ

- រោគសញ្ញាដំណាក់កាលបន្ទាប់មកទៀត (Période d’état) គឺជាដំណាក់កាលដែលរលាកខួរក្បាលនិងខួរឆ្អឹងខ្នងដែលមានរោគសញ្ញាដូចតទៅ៖
• អ្នកជំងឺគ្រប់គ្រងខ្លួនឯងលែងបាន
• អ្នកជំងឺនៅមិនស្ងៀមមានចលនារហូត (Hyperactivité)
• រោគសញ្ញាពិសេសរបស់ជំងឺឆ្កែឆ្កួតគឺ៖ ខ្លាចទឹក (hydrophobie) និងខ្លាចខ្យល់ (aérophobie)
• ចេញទឹកមាត់ច្រើន (Hypersalivation) ចេញញើសច្រើន ចេញនោមអត់ដឹងខ្លួន
• ពិបាកលេបចំណីអាហារ (Dysphagie)
• មានប្រកាច់ (convulsions) រហូតដល់សន្លប់(Coma)
• ការស្លាប់ជាមធ្យម៥ ថ្ងៃក្រោយពីចេញរោគសញ្ញាណាមួយខាងលើនេះ

គ) ការព្យាបាលក្រោយពីឆ្កែខាំ៖
- ក្រោយពីឆ្កែខាំភ្លាមត្រូវលាងសំអាតមុខរបួសដោយទឹកនិងសាប៊ូយ៉ាងតិចបំផុតក៏១៥នាទីដែរ បន្ទាប់មកលាងសំអាតជាមួយទឹកថ្នាំសំលាប់មេរោគដូចជា អាល់កុល ឬអ៊ីយ៉ូត
- មិនត្រូវដេររបួសដែលឆ្កែខាំ
- ចាក់វាក់សាំងការពារតេតាណូស
- ព្យាបាលដោយថ្នាំផ្សះ (បើចាំបាច់)
- ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្កែឆ្កួត (យកល្អត្រូវធ្វើក្នុង២៤ម៉ោងក្រោយពី ឆ្កែខាំឬប៉ះពាល់ជាមួយសត្វដែលយើងសង្ស័យថាមានផ្ទុកមេរោគឆ្កែឆ្កួត)
- ជួបប្រឹក្សាយោបល់ជាមួយវេជ្ជេបណ្ឌិតដែលនៅជិតអ្នក

ឃ) វិធានការការពារ៖
- ការការពារជំងឺឆ្កែឆ្កួតគឺផ្អែកលើការចាក់ថ្នាំបង្ការ
- ចាក់វ៉ាក់សាំងការពារប្រឆាំងវីរុសឆ្កែឆ្កូត ចំពោះសត្វដែលយើងចិញ្ចឹម(ឆ្កែ ឆ្មា ជាដើម)អោយបានទៀងទាត់
- ចាក់វ៉ាក់សាំងការពារមុន ចំពោះអ្នកដែលមានហានិភ័យខ្ពស់ចំពោះជំងឺឆ្កែឆ្កួតដូចជា៖ពេទ្យសត្វ បុគ្គលិក មន្ទីរពិសោធន៏ឯកទេស អ្នករស់ជាមួយសត្វ
- ជៀសវាងកុំអោយ ឆ្កែ ឬ ឆ្មាខាំ ឬលិតលើរបួសឬដំបៅ។
- ចាក់វ៉ាក់សាំងការពារក្រោយពីឆ្កែខាំ(Prophylaxie post-expositionnelle)។

ប្រសិនបើលោកអ្នកមានឆ្កែខាំ ឬ សត្វដែលចិញ្ចឹមកូនដោយទឹកដោះ ហើយស៊ីសាច់ជាអាហារខាំ សូមមកពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត។

Sunday, June 24, 2018

ជម្ងឺស្រែង







ស្រែងជាជំងឺសើស្បែកមួយប្រភេទ​ងាយឆ្លង​ដែលបង្កដោយមេរោគ​ផ្សិត​លើផ្ទៃស្បែកឈ្មោះថា“ឌែម៉ាតូហ្វីត”​(Dermatophyte)។ ជំងឺនេះកើតលើមនុស្សគ្រប់វ័យ​អាចកើតនៅលើគ្រប់កន្លែងទាំងអស់នៃខ្លួន​ប្រាណ ជាពិសេសច្រើនចូលចិត្តកើត​នៅត្រង់កន្លែងស្បែក​ផ្អិបគ្នា​ មានលក្ខណះបិទបាំង ឧស្សាហ៍បែកញើសសើម​ហើយពុំសូវប៉ះនឹងពន្លឺថ្ងៃដូចជានៅ​តាមក្រលៀន ក្លៀក ចង្វែកគូថ ឬ​ចន្លោះ​ម្រាមដៃជើងជាដើម។
របៀបបង្ករោគ​​



បង្កដោយមេរោគTrichophyton,Microsporumនិង​Epidermophyton។​​ មេរោគដែលច្រើនជួបជាងគេនៅប្រទេសកម្ពុជាយើងគឺTrichophyton​​ ។ មេរោគទាំងនេះ​ឆ្លង​នៅពេលដែល​មាន ការ​ប៉ះ​គ្នាផ្ទាល់​រវាង​ស្បែកនិង​ស្បែក ជាមួយនឹង​មនុស្ស ឬ​សត្វ​ដែល​មាន​កើត​ជំងឺស្រែង​។វា​ក៏​អាច​ឆ្លង​បាន​ផង​ដែរ នៅពេល​ដែល​អ្នក​ប្រើ​សំភារះ​​ឧបករណ៍​ប្រើប្រាស់ផ្សេងៗរួមគ្នាដែលមានផ្ទុកមេរោគដូចជា សម្លៀក​បំពាក់​ កន្សែង ក្រម៉ា​ មួក ស្រោមជើង ស្រោមដៃ​ ស្បែកជើង។​ម្យ៉ាងទៀតជំងឺនេះអាចឆ្លងតាមរយះការប៉ះផ្ទាល់ជាមួយដី ​ធូលី​​ដែលមានផ្ទុកមេរោគនេះ។ ​គេច្រើនជួបប្រទះនៅប្រទេសមានអាកាសធាតុក្តៅ​ហើយសើម។​​​


រោគសញ្ញា
រោគសញ្ញា​ជំងឺស្រែង​សំគាល់ដោយរមាស់ ហើយមានរាង​ជារង្វង់បន្ទះមូល ឬរាងពងក្រពើ​​ដោយមានក្រម៉ស្រកាៗហើយគែម​ជុំវិញ​រាងខ្ពស់និង​ក្រហម​​ ជាងផ្នែក​កណ្ដាល​ដែលមាន​លក្ខណៈ​ដូចស្បែក​ធម្មតា​ឬអាចមានក្រម៉ស្តើងតិចតួច​​ជួនកាលពេលខ្លះដោយសារអ្នកកើតជំងឺគាត់បានប្រើបាស់ថ្នាំលាបផ្សេងៗ​នាំអោយរូបរាង​ក៏​មិនច្បាស់អាចធ្វើអោយច្រឡំនឹងជំងឺសើស្បែកផ្សេងទៀតបាន។

​ការធ្វើ​រោគវិនិច្ឆ័យ​ គេអាច​ធ្វើរោគ​វិនិច្ឆ័យ​បានតាមរយះ
• ការមើល​ដោយភ្នែកផ្ទាល់ទៅតាម​សញ្ញា​ដែលចេញ​លើស្បែក(គ្លីនិក)
• កោសយកក្រម៉​រដែលនៅ​គែមនោះ​យកទៅ​ពិនិត្យក្នុងមី​ក្រូទស្សន៍​(KOH) ដើម្បី​វិភាគ​រកមើល​មេរោគផ្សិត។
• ការបណ្ដុះ​មេរោគដោយកោស​ក្រម៉​ទៅបណ្ដុះរក​មេរោគ(Culture)​​​​​​
• ការច្រិប​យកស្បែក​ដែលសង្ស័យ​មានស្រែង នោះទៅ​វិភាគ(Skin Biopsy)​។



ផលវិបាក
- ជំងឺស្រែងជាជំងឺសើស្បែកឆ្លង​មិនបង្ក​ឱ្យមាន​គ្រោះថ្នាក់​ទេតែវាធ្វីអោយអ្នកជំងឺរំខានដល់ការរស់នៅ។
- ដោយសារជំងឺនេះធ្វើអោយអ្នកជំងឺរមាស់ អ្នកជំងឺព្យាយាមអេះ នាំអោយដាច់រលាត់ស្បែកនឹងជាប់​មេរោគ​ហើយពេលដែលគាត់អេះកន្លែងផ្សេងទៀតឆ្លងនាំអោយមេរោគអាចឆ្លង​បាន​ លើសពីនេះទៅទៀតបើរួមផ្សំនឹងអ្នកមិនបាន​ អនាម័យផងនោះវាអាចមានការបង្កបន្ថែមនូវមេរោគបាក់តេរីធ្វើអោយមានខ្ទុះ​​និងហើម តំរូវអោយមានការព្យាបាលអោយបានត្រឹមត្រូវទើបអាចជាបាន។



- ម្យ៉ាងទៀតបើសិនជំងឺនេះកើតនៅលើក្រចកនាំអោយក្រចកខូចទ្រង់ទ្រាយ​​​ ហើយបើកើតមាននៅលើ​ស្បែកក្បាល វាធ្វើ​ឱ្យសក់ជ្រុះនៅទីតាំងនោះបាន។
ការព្យា​​បាល​
- ករណីកើតលើស្បែកតែមួយកន្លែងតិចតួច​​​ អាចប្រើថ្នាំប្រភេទជាក្រែម​សម្លាប់​ពពួក​ផ្សិតដូចជាMiconazoleឬClotrimazole,Ketoconazole លាបលើស្បែកមានបញ្ហាពីរដងក្នុង១ថ្ងៃរយះពេល៣ទៅ៤សប្តាហ៍។ បើការលាបថ្នាំមិនបានធូរស្រាលគួរទៅពិគ្រោះព្យាបាលជាមួយគ្រូពេទ្យជំនាញសើស្បែក។

- ប្រសិនបើ​កើតមាននៅច្រើន​កន្លែង​នោះ​ការព្យាបាលទាមតារប្រើថ្នាំ​លេបទៅ​តាមកម្រិត​​​ និងតាមទីតាំងនៃ​ជម្ងឺ ហើយអ្នកជំងឺគួរទៅពិនិត្យ​ និងព្យាបាលជំងឺជាមួយគ្រូ​ពេទ្យជំនាញសើស្បែក។
វិធីសាស្រ្តការការពារជំងឺ



- ត្រូវអនាម័យ​ខ្លួនប្រាណ​ជាប្រចាំដោយងូតទឹក​សម្អាតខ្លួនជា​មួយសាប៊ូ និង​ជៀសវាងអោយខ្លួនប្រាណនៅសើមយូរ ​
ពេកក្រោយពីងូតទឹក ជាពិសេសជៀសវាងស្លៀកសំលៀកបំពាក់សើមផ្អិបជាប់ខ្លួនយូរពេក។
- ប្រុងប្រយ័ត្ន​លើការ​ប៉ះពាល់​​ ការ​ប្រើប្រាស់​សម្ភារៈ​រួមគ្នាជាមួយ​អ្នកកើតជំងឺ​ស្រែងដោយផ្ទាល់ ព្រោះអាចឆ្លងមេរោគ។

ដំបូន្មានពីវេជ្ជបណ្ទិតឯកទេស
ចំពោះលោកអ្នក​ដែលកើត​ជម្ងឺស្រែងជាការល្អគួរ​អញ្ជើញ​រ​ជួបជាមួយគ្រូពេទ្យ​ឯកទេសជំងឺសើស្បែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បី​ទទួលការរ​ពិនិត្យ និង​ព្យាបាល​ឱ្យមានប្រសិទ្ឋភាព​ និងសុវត្ថិភាព​ត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រទំនើប។

Monday, May 21, 2018

ជំងឺគ្រុណពោះវៀន (typhoid fever or enteric fever)


ជំងឺគ្រុណពោះវៀន ជាជំងឺដែលបណ្តាាលមកពីការរលាកផ្នែកមួយនៃពោះវៀនតូចបង្ករដេាយពពួកបាក់តេរី សាមុនែឡាទីហ្វី និង ប៉ារ៉ាទីហ្វី( salmonella Typhi and paratyphi)។
ជំងឺនេះមិនសូវមានកេីតលេីប្រជាជននៅប្រទេសជឿនលឿនទេ តែច្រេីនកេីតក្នុងប្រទេសក្រីក្រ ដែលអនាម័យចំនីអាហារ និងទឹកនៅមានកំរឹត។
តេីបាក់តេរីបង្ករជំងឺគ្រុណពោះវៀន ឆ្លងតាមរបៀបណា?
វាឆ្លងតាមការញុាំចំនីអាហារ ឬផឹងទឹក មិនស្អាតដែលមានផ្ទុកនៅពពួកបាក់តេរី សាមុនែឡាទីហ្វី និង ប៉ារ៉ាទីហ្វី។
តេីរេាគសញ្ជំងឺគ្រុណពោះវៀន មានអ្វីខ្លះ?
រេាគសញ្ញាជាទូទៅរួមមាន:
១. ក្តៅខ្លួនខ្លាំង
២. ឈឺពោះ
៣. ក្អួត ចង្អេារ
៤. រាករូស
៥. លែងឃ្លានចំនី
៦. អាចមានចេញអុចក្រហមនៅលេី ទ្រូង និង នៅលេីក្បាលពោះ ដូចមាននៅក្នុងរូបភាព។

តេីមាន តេសអ្វីអេាយដឹងថា នរណាម្នាក់មានកេីតជំងឺគ្រុណពោះវៀន?
ក្រៅពីសួរប្រវត្តិជំងឺ និងពិនិត្យមេីល អុចក្រហមនៅលេី ទ្រូង និង នៅលេីក្បាលពោះ និងរេាគសញ្ញាផ្សេងៗ គ្រូពេទ្យបូមឈាមទៅពិនិត្យ និងជាពិសេស យកឈាម និលាមកទៅបណ្តុះរកបាក់តេរីបង្ករជំងឺគ្រុណពោះវៀន។
តេីការព្យាបាល ជំងឺគ្រុណពោះវៀន ដេាយរបៀបណា?
មានតែថ្នាំផ្សះទេដែលអាចព្យាបាល នឹង សំលាប់បាក់តេរីគ្រុណពោះវៀនបាន។
ការលេប ឬប្រេីថ្នាំផ្សះ គឺរហូតដល់២អាទិត្យ។ បេីមិនដូចនេះទេវាអាច លាប់មកវិញ។
វិធីការពារជំងឺគ្រុណពោះវៀន ងាយស្រួលដេាយ:
១. ចាក់វ៉ាក់សុាំងការពារជំងឺគ្រុណពោះវៀន
២. បរិភេាគចំនីអាហារ និងផឹកទឹកដែលឆ្អិន និងមានអនាម័យ៕