Friday, June 29, 2018

សម្រាប់អ្នកជំងឺទឹកនោមផ្អែម អ្វីទៅជាHbA1C?


HbA1C ជាមធ្យមភាគជាតិស្កររយៈពេល៣ខែចុងក្រោយរបស់មនុស្សយើង។ និយាយឲ្យស្រួលស្ដាប់គឺជាមធ្យមភាគជាតិស្ករដែលខាំជាប់និងអេម៉ូក្លូប៊ីន ដែលជាផ្នែកមួយដ៏សំខាន់នៃគ្រាប់ឈាមក្រហមរបស់យើង។ កាលណាយើងធ្វើតេស្តHbA1C នេះយើងនឹងអាចដឹងពីមធ្យមភាគជាតិស្កររយៈពេល៣ខែចុងក្រោយ។ ដោយសារគ្រាប់ឈាមក្រហមយើងមានអាយុ១២០ថ្ងៃ គឺប្រហាក់ប្រហែល៣ខែ។ ហេតុនេះហើយការវាយតម្លៃកម្រិតជាតិស្ករដែលទៅខាំជាប់ទៅលើអេម៉ូក្លូប៊ីននោះអាចវាយតម្លៃជាតិស្កររបស់យើងក្នុងរយៈពេល៣ខែចុងក្រោយ។

HbA1Cមានតួនាទីសំខាន់ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែម។ កាលណាHbA1Cធំជាង6.5% គឺអ្នកជំងឺមានកើតជំងឺទឹកនោមផ្អែមហើយ។
លើសពីនេះទៅទៀត HbA1Cមានតួនាទីយ៉ាងសំខាន់ក្នុងការតាមដានប្រសិទ្ធិភាពព្យាបាលជំងឺទឹកនោមផ្អែម។កាលណា HbA1Cកើនឡើងខ្ពស់អ្នកជំងឺនឹងប្រឈមមុខនឹងផលវិបាកផ្សេងៗដូចជាផលវិបាកលើភ្នែក លើតំរងនោម លើប្រពន័្ធសសៃវិញ្ញាណឬលើសសៃឈាមបេះដូងជាដើម។ ហេតុនេះហើយសម្រាប់បងប្អូនប្រជាជនដែលមានជំងឺទឹកនោមផ្អែមចាំបាច់ត្រូវស្គាល់អ្វីដែលជា HbA1C។

តើ HbA1Cត្រូវពិនិត្យនៅពេលណា? ហើយបូមឈាមដាក់ទីបអ្វី?
ដោយសារHbA1Cជាមធ្យមភាគជាតិស្កររយៈពេល៣ខែចុងក្រោយដូច្នោះហើយHbA1Cអាចធ្វើតេស្ដពេលណាក៏បាន មុនបាយក៏បាន ក្រោយបាយក៏បានហើយបូមដាក់ទីប Hémogram។
នៅក្នុងការតាមដានប្រសិទ្ធភាពនៃការព្យាបាលជំងឺទឹកនោមផ្អែមអ្នកជំងឺគួរគប្បីពិនិត្យ HbA1Cយ៉ាងហោចណាស់ឲ្យបាន១ឬ២ដងក្នុងមួយឆ្នាំហើយរិតតែពិសេសពិនិត្យHbA1Cរាល់៣ខែម្ដង។

កត្តាអ្វីខ្លះដែលអាចធ្វើឲ្យបំរែបំរួលឬប៉ះពាល់សុក្រិតភាពHbA1C?
កត្តាខ្លះអាចធ្វើឲ្យតម្លៃHbA1Cទាបជាងកម្រិតពិតប្រាកដដូចជា៖ ជំងឺខ្វះគ្រាប់ឈាមក្រហម ជំងឺThalasemie អ្នកដែលបាត់បង់ឈាម អ្នកជំងឺដែលទើបតែទទួលការបញ្ចូលឈាម និង ស្រ្តីមានផ្ទៃពោះ។
កត្តាមួយចំនួនទៀតដែលអាចធ្វើឲ្យHbA1Cខ្ពស់ជាងតំលៃពិត ដូចជា៖ អ្នកជក់បារី អ្នកដែលខ្សោះជាតិទឹកខ្លាំង អ្នកជំងឺដែលមានបញ្ហាសួតហេីយគ្រាប់ឈាមក្រហមកើនឡើង និង កង្វះអុកស៊ីហ្សែនរ៉ាំរៃ។
«ក្រុមគ្រូពេទ្យជំនាញឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត សូមស្វាគមន៍រាល់ការមកពិគ្រោះយោបល់ អំពីរាល់ស្ថានភាពជំងឺទឹកនោមផ្អែមប្រកបដោយបទពិសោធន៍ និងការយកចិត្តទុកដាក់ខ្ពស់បំផុត។

No comments:

Post a Comment